រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅខេត្តកណ្ដាល បើកដំណើរការឡើងវិញ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ដោយប្រែក្លាយខារ៉ាអូខេ និងក្លឹបកម្សាន្តទាំងអស់ទៅជាលក្ខណៈភោជនីយដ្ឋាន ប៉ុន្តែស្ថិតនៅក្រោមលក្ខណចំនួន២ចំណុច។
ដោយក្នុងលិខិតរដ្ឋបាលខេត្តកណ្តាលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូទាំងអស់ បើកដំណើរការដោយប្រែក្លាយទៅ ជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ ដែលម្ចាស់អាជីវកម្មត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖
*ទី១៖ ស្នើរសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយខេត្តកណ្ដាល
*ទី២៖ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍៕SP