ភ្នំពេញ ៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ផន រឹម បានបន្ថែមថា ការអនុញ្ញតនេះគឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង ៦៖០០ព្រឹក ដល់ម៉ោង ១៨៖០០ល្ងាច និងមិនអនុញ្ញាត្តឲ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ ៩៦%ហើយ គិតថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់។ កិច្ចការបន្ទាប់គឺជាដំណើរការរុះរើរន្ទារ ( Erection Marchine ) រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថភាព ជាកិច្ចបង្ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ