ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្ដែងការខកចិត្ត ក្រោយរកឃើញថាក្រុមហ៊ុនមួយបង្ហូរកសំណល់រាវកខ្វក់ចូលប្រភពទឹក ហើយបានយកសំណាកទឹកមកវិភាគនៅក្រសួង ប៉ុន្តែ មន្ត្រីជំនាញបែជាធ្វើការងារយឺតជិត១សប្ដាហ៍ ទើបចេញលទ្ធផល ស្របពេលដែលរោងចក្រដែលបំពុលទឹកនោះកែប្រែស្ថានការណ៍ទាន់ពេលបំបាត់ភស្តុតាងនៅទីតាំងជាក់ស្ដែង។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ចំពោះបញ្ហាបង្ហូរទឹករាវកង្វក់ចូលទឹកធម្មជាតិ ក្រសួងនឹងអនុវត្តច្បាប់មិនលើកលែងជាដាច់ខាត ការធ្វើបែបនេះដើម្បីការពារសុខភាពពលរដ្ឋកម្ពុជា ពីការពុលទឹកបណ្តាមកពីការគ្មានទំនួលខុសពីឈ្មួញខិលខូច។ ទន្ទឹមនឹងក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវធ្វើការគិតពីសុខភាពពលរដ្ឋទើបជាមន្ត្រីក្រសួងបរិស្ថាន ខណៈនៅក្នុងនីតិកាលទី៧ គឺក្រសួងបរិស្ថាន ចាត់វិធានការយ៉ាងតឹងរឹងបំផុតទៅលើក្រុមហ៊ុនណាដែលរកឃើញការលួចបង្ហូរសាធាតុរាវកង្វក់ចូលទៅក្នុងប្រភពទឹកធម្មជាតិ ឱ្យបានទាន់ពេលវេលាល្អ។

លោកបណ្ឌិត អ៊ាង សុផល្លែត បង្ហាញការខកចិត្តយ៉ាងដូច្នេះថា៖ «អ្វីដែលជាការខកចិត្ត គឺចាប់បានហើយគ្រាន់តែឡាបូធ្វើតេស្តទឹក ចង់១អាទិត្យមិនទាន់ចេញ មិនដឹងមូលហេតុអី? ទ្រាំតែចេញមកទឹកហ្នឹងថ្លាអស់ហើយ មិនដឹងទៅចាប់អីទេ មើលឡើងវិញ អ្នកឯងធ្វើការគឺដើម្បីបម្រើប្រជាជន ១៧លាននាក់ អ្នកឯងមិនមែនធ្វើការដើម្បីបម្រើផលប្រយោជន៍បុគ្គលម្នាក់ឯងទេ»។

ថ្លែងពីលើវេទិកាកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ, លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីជំនាញត្រូវយល់ច្បាស់ពីភាពបន្ទាន់ ចំពោះករណីប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដែលបង្ហូរចូលដោយសារធាតុពុល ច្បាស់នឹងបង្កជាជំងឺដល់ពួកគាត់ជាមិនខាន ដូច្នេះ អាយុជីវិតរបស់ប្រជាពលរដ្ឋ សួរថាអស់លោកជាមន្ត្រីអង្គុយធ្វើការបន្ទប់ធ្វើការអស់លោកមិនដឹងនោះទេ។ ប៉ុន្តែ ឪពុក ម្តាយ សាច់ញាតិ ទឹកភ្នែក ឈឺចាប់ប៉ុណ្ណោ ទាំងលុយកាក់ទាំងក្រុមគ្រួសារ?៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ