ផ្សោតទន្លេមេគង្គ ឬ Irrawaddy Dolphin ជាថនិកសត្វរស់នៅក្នុងទឹកសាបដ៏កម្រលើលោក ដែលសព្វថ្ងៃនៅសេសសល់ក្នុងទន្លេមេគង្គពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ព្រំប្រទល់ កម្ពុជា-ឡាវ ប្រមាណពី៨០ ទៅ ១០០ក្បាល ប៉ុណ្ណោះ ។ 

ផ្សោតជាសត្វឆ្លាតវាងវៃវាមានប្រព័ន្ធសម្លេងពិសេសសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមក និងសម្រាប់ដឹងនិងដេញត្រីជាអាហារ។ អាហាររបស់វាគឺត្រី និងខ្ចៅ ខ្ចង គ្រំក្នុងទន្លេ។ ផ្សោតធំមានបណ្ដោយពី ២ម ទៅ ២ម៨០ និងមានទម្ងន់រហូតដល់ទៅជិត២០០គីឡូក្រាម។

ផ្សោតមេបង្កើតកូនបានតែមួយប៉ុណ្ណោះរាល់ ២-៣ឆ្នាំម្ដង និងចិញ្ជឹមកូនដោយទឹកដោះ ដូចមនុស្សយើងដែរ និងរស់បានពី ២០ ទៅ ៤០ឆ្នាំ។ ផ្សោតជាសត្វចូលចិត្តហែលប្រដេញគ្នាជាក្រុមតូចៗ ពី៣ ទៅ ៥ក្បាល ។

អន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិមួយចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្តក្រចេះ មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩។

ដើម្បីទស្សនាផ្សោតទន្លេមេគង្គបាន ភ្ញៀវទេសចរអាចទិញសំបុត្រជាមុននៅទីនោះផ្ទាល់ រួចអ្នកបើកទូកនឹងដឹកនាំភ្ញៀវទៅដល់កន្លែងដែលផ្សោតកំពុងហែលប្រដេញគ្នាជាក្រុមតូចៗ មួយវិញទៀតទេសចរក៏អាចទស្សនាបានពីលើច្រាំងដោយមិនចាំបាច់ទិញសំបុត្រក៏អាចទស្សនាបានដោយនៅខាងលើច្រាំងមានរៀបចំជាបង់សម្រាប់អង្គុយទស្សនាផងដែរ។ ទេសចរអាចទស្សនាសត្វផ្សោតបានទាំងរដូវប្រាំង និងរដូវវស្សា។នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី ភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ចំលាក់ផ្សោត និងចំលាក់ធ្វើពីឈើជាច្រើនផ្សេងទៀតដែលឆ្លាក់ផ្ទាល់ដោយពលរដ្ឋនៅសហគមន៍នៅទីនោះ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ