ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ១៩ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ១៩ នៅក្នុងសហគមន៍
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា ក្រសួងនឹងចាប់ផ្តើមបង្ហាញអត្តសញ្ញាណចំពោះអ្នកដែលត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកពាក់ព័ន្ធ បានឆាប់រហ័ស។ នេះបើតាមសេចក្តីប្រកាសក្រសួងសុខាភិបាល ។
ការបញ្ចេញអត្តសញ្ញាណអ្នកដែលវិជ្ជមានមេរោគកូវីដ១៩នេះ បានធ្វើឡើងបន្ទាប់ពីមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រៅពីបញ្ចេញអត្តសញ្ញាណអ្នកដែលត្រូវរកឃើញវិជ្ជមានកូវីដ១៩ នោះ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា ក្រសួងសុខាភិបាល ក៏តម្រូវឱ្យគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័ករយពេល១៤ថ្ងៃ ពេញលេញ។ អ្នកដំណើរទាំងអស់ ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ( Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ។
រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៤១នាក់ (បូករួមទាំងករណី វិជ្ជមាន៦នាក់ថ្មីនេះ) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៧នាក់៕