សម្ដេចតេជោ ក្រើនរំលឹកពលរដ្ឋថា ការមើលស្រាលជំងឺ កូវីដ-១៩ គឺអាចប្រឈមនឹងការឆ្លង ដ៏គ្រោះថ្នាក់បំផុត
ភ្នំពេញ ៖ ក្នុងដំណាក់កាល ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការ រីករាលដាលខ្ពស់ នៃជំងឺឆ្លងកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»។
សម្ដេចតេជោ អំពាវនាវថា « ឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លង កូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកើនឡេីងដល់ ១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត»។
សម្ដេចតេជោ បន្តថា ចុងសប្តាហ៍នេះ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល សម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគឲ្យបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕ E B