លីបង់ ៖ វិទ្យុទាក់ទងអៃកូមដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា បានផ្ទុះកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា នៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីម៉ាស៊ីនផ្ញើសារ pager របស់ចលនាប្រដាប់អាវុធមួយនេះផ្ទុះព្រមៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថាមនុស្ស ២០នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះវិទ្យុទាក់ទងអៃកូម នៅជាយទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa កាលពីថ្ងៃពុធ ខណៈអ្នកស្លាប់ដោយសារការផ្ទុះម៉ាស៊ីនផ្ញើសារ pager កាលពីថ្ងៃអង្គារ កើនដល់១២នាក់ ក្នុងនោះរួមមានកុមារ២នាក់ និងរបួសជិត ៣០០០នាក់។

សូមបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីស្រាអែលមិនបានបញ្ចេញ ប្រតិកម្មអ្វីទេ ប៉ុន្តែប្រភពសន្តិសុខបានប្រាប់ Reuters ថាចារកម្មអ៉ីស្រាអែល Mossad គឺជាអ្នកទទួលខុសត្រូវលើការផ្ទុះអៃកូម និងម៉ាស៊ីនផ្ញើសារ pager៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ