ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញជំហររួមគ្នា ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក វ៉ាង វិនប៊ីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់លោកឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិនកាន់តែរឹងមាំបន្ថែមទៀត ខណៈកម្ពុជា និងចិនមានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។
នៅក្នុងកិច្ចជំនួបនោះ លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា និងចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ យ៉ាងណាក៏ដោយនៅក្នុងកិច្ចជំនួបនោះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានប្រកាសថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយនៅក្នុងការអភិវឌ្ឍលើវិស័យមួយជាច្រើនដល់កម្ពុជាផងដែរ ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកវ៉ាង វិនប៊ីនក៏បានលើកឡើងផងដែរថា ផ្អែកទៅលើចំណងមិត្តភាពដ៏យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថានទូតនឹងបន្ដគាំទ្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែខ្ពស់ផងដែរ។
នៅក្នុងកិច្ចជំនួបនេះ លោក ឯកអគ្គរដ្ឋទូតក៏បានអះអាងផងដែរថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរព័ត៌មាន សំដៅពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរ ហើយលោកក៏បានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន និងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្ដកិច្ចសហការគាំទ្រគ្នាទៅវិញទៅមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ