ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងគ្រប់ទីកន្លែងទាំងអស់ សំដៅឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ប្រសើរជាងការខ្លាចនគរបាល។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវា ដឹកជញ្ជូនទំនិញ និងអាហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បង្ហាញការយល់ឃើញថា ការផាកពិន័យទៅលើប្រជាពលរដ្ឋ ដែលមិនគោរពច្បាប់ ហាក់មិនមានប្រសិទ្ធភាពជំរុញឲ្យពលរដ្ឋគោរពច្បាប់ឡើយ ពោលមានតែធ្វើបាបពលរដ្ឋទៅវិញ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «បើត្រឹមតែយើងម្នាក់ៗ ដែលប្រើប្រាស់ផ្លូវយើងមិនគោរពច្បាប់ ខ្លាចតែនគរបាល ច្បាប់នោះ គោលការណ៍នោះ ការអនុវត្តនោះ យន្ដការផ្សេងៗមិនជោគជ័យទេ។ ឧទាហរណ៍ថា មិនពាក់មួកសុវត្ថិភាព ផាក១លានរៀល ក៏នៅតែមិនជោគជ័យ បែរជាធ្វើបាបពលរដ្ឋវិញ នេះមិនមែនជាចំណុចមួយកែឲ្យមនុស្សគោរពច្បាប់ទេ»។

បើតាមនាយឧត្តមសេនីយ៍ ស ថេត, នៅពេលប្រជាពលរដ្ឋមានស្មារតីគោរពច្បាប់ហើយនោះ តាមដងផ្លូវមិនចាំបាច់មានភ្លើងស្ដុប ឬនគរបាលចរាចរណ៍ទៀតនោះទេ។ ប៉ុន្ដែការងារនេះត្រូវប្រើប្រាស់ពេលវេលា ហើយទាមទារឲ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមសហការដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំពលរដ្ឋតាមគ្រប់រូបភាពទាំងអស់។

សូមជម្រាបថា ត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ អត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងរហូតដល់១,៥៣៤ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៩៣នាក់, របួសចំនួន២,១១៦នាក់ ក្នុងនោះធ្ងន់១២៣៤នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ