ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។

តាមរយៈសេក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១៨ កញ្ញា នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។ 

ក្រសួង បន្ដថា ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក្រ កម្ពុជា ហើយលក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ៖

១-តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមាន ខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យម ដែលរួមមានដូចជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។

 ២-តំបន់ខ្ពង់រាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង រឿង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មត កម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បកក្នុងកម្រិតល្បឿនបង្ករ ដែលរួមមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។

៣-តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មត និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែល រួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា «សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ