ភ្នំពេញ  ៖ ក្រសួងសុខាភិបាលកម្ពុជា  នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់  ក្រសួងសុខាភិបាលកម្ពុជា  បានឲ្យដឹងថា 
អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចរាល់ហើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្តទៀត

ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ