កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី២ទៅ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំរបស់ CAMSOC នាថ្ងៃទី២កក្កដា ខាងមុខ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា កិច្ចប្រជុំជាទៀងទាត់ប្រ ចាំសប្តាហ៍នេះ មានរៀបវារៈចំនួន២សំខាន់ៗ គឺទី១ គឺគណៈអចិន្ត្រៃយ៍សម្រេចបានលើការជ្រើសរើសរបស់ខ្លួនហើយ ដែលយើងយក ពី២ទៅ៣ជម្រើស ដើម្បីឆ្លងការសម្រេចនៅក្នុងកិច្ចប្រជុំធំ របស់ CAMSOC នាពេលខាងមុខឆាប់ៗនេះ ដូចជាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬហៅថាពាក្យស្លោក ដែលទាំងបីទម្រង់នេះយើងបានកែសម្រួលជាច្រើនលើកច្រើនសារ ដើម្បីធ្វើឲ្យកាន់តែទាក់ទាញទាំងសោភ័ណ្ឌភាព អត្ថរូប និងអត្ថន័យជាដើម។

ចំពោះរបៀបវារៈទី២ គណៈអចិន្ត្រៃយ៍បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដោយសម្របសម្រួលឲ្យដំណើរការល្អប្រសើរ និងជម្រះបញ្ជីចាស់ ដើម្បីបន្តធ្វើដំណើរតទៅមុខទៀត ប្រកបដោយភាពរលូន។

ជាមួយគ្នានោះលោក ថោង ខុនប្រធានអង្គប្រជុំក៏បានលើកឡើងអំពីគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការរៀបចំឡើងវិញក្នុងការបញ្ជូនអត្តពលិកកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ដែលនេះឯកឧត្តមចាត់ទុកថា ជាការពន្លឿននៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើស ជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ