គណៈកម្មាធិការទន្លេមេគង្គ ថា កម្រិតទឹកអាងទន្លេមេគង្គ ថៃ ឡាវ កម្ពុជា វៀតណាម មានភាពល្អ ប្រសើរវិញ
ភ្នំពេញ ៖ គណៈកម្មាធិការទន្លេមេគង្គ (MRC) អះអាងថា កម្រិតទឹកអាងទន្លេមេគង្គក្រោមមាន ប្រទេស៖ ថៃ ឡាវ កម្ពុជា និងវៀតណាម បានត្រឡប់មករកប្រសើរឡើងវិញ បន្ទាប់ពីស្រកចុះ ក្នុងកម្រិតទាបគួរឲ្យព្រួយបារម្ភតាំងពីដើមរដូវប្រាំងកន្លងមកនេះ។
គណៈកម្មាធិការទន្លេមេគង្គ នៅថ្ងៃទី១ ខែឧសភានេះ បានឲ្យដឹងថា កម្រិតទឹកទន្លេឈៀងសាន់របស់ប្រទេសថៃដែលជាស្ថានីយ៍ត្រួតពិនិត្យខ្សែទឹកខ្ពស់ជាងគេ ក្នុងពេលបច្ចុប្បន្ន មានឡើងដល់កម្ពស់៣ម៉ែត្រ ឬខ្ពស់ជាងកម្រិតមធ្យមរបស់វាចំនួន១,២០ម៉ែត្រហើយ និងកម្រិតទឹកទន្លេមេគង្គក្នុងប្រទេសឡាវកើនលើស២ម៉ែត្រ ខណៈនៅប្រទេសកម្ពុជា កម្រិតទឹកនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នៅស្ថានីយ៍ចតុមុខភ្នំពេញ និងព្រែកក្តាមស្ថិតក្នុងកម្រិតមធ្យម និងនៅដែនដីសណ្តរនៃទន្លេមេគង្គរបស់ប្រទេសវៀតណាម កម្រិតទឹកនៅតែមានការប្រែប្រួលនៅជុំវិញមធ្យមដោយសារតែផលប៉ះពាល់នៃជំនោរ។
លោក ឡាំ ហុង សុន(Lam Hung Son) ប្រធានលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់គណៈកម្មាធិការទន្លេមេគង្គ មានប្រសាសន៍ថា «តំបន់នេះមានបរិមាណទឹកភ្លៀងល្អចាប់តាំងពីសប្តាហ៍ទី៣ នៃខែមេសា ទោះបីជាចំនួនសរុបដែលភ្លៀងបានបង្អុរមាននៅត្រឹមកម្រិតមធ្យមក៏ដោយ»។
យោងតាមការព្យាករណ៍របស់គណៈកម្មាធិការទន្លេមេគង្គ បានបង្ហាញថា ទឹកភ្លៀងពីមធ្យមទៅច្រើន ត្រូវបានរំពឹងថា នឹងឆ្លងកាត់ប្រទេសចំនួន៤ នៃទន្លេមេគង្គក្នុងអំឡុងខែឧសភាដល់ខែកក្កដាឆ្នាំ២០២០ ។ ប្រទេសកម្ពុជា ឡាវ និងថៃ ទំនងជាទទួលបានទឹកភ្លៀងច្រើនជាងប្រទេសវៀតណាម បន្ទាប់ពីភាពរាំងស្ងួតឆ្នាំ២០១៩ ដែលចាប់តាំងពីខែមិថុនា បានធ្វើឲ្យកម្រិតទឹកទន្លេមេគង្គឆ្លងកាត់អាងមេគង្គក្រោមមានកម្រិតទាបបំផុត មិនធ្លាប់មានក្នុងកំណត់ត្រាចាប់តាំងពីការវាស់វែងកាលពី៦០ឆ្នាំមុន។
គណៈកម្មាធិការទន្លេមេគង្គ ក្រើនរំឭកឲ្យប្រជាជនគួរតែប្រុងប្រយ័ត្នផងដែរ ដោយសារតែស្ថានភាពទឹកភ្លៀង និងទឹកជំនន់អាចនឹងកើតឡើងគ្រប់ពេល ដែលជាហេតុធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស សត្វ៕ E B