គណៈកម្មាធិការសិទ្ធិមនុស្ស បញ្ជាក់ថា កម្ពុជានៅតែឈានមុខគេ លើការគោរពសិទ្ធិមនុស្ស ខណៈអាមេរិក កំពុងផ្ទុះបាតុកម្មស្ទើតែគ្រប់រដ្ឋ
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ថា កម្ពុជា នៅតែឈានមុខគេលើការគោរពសិទ្ធិមនុស្ស ខណៈអាមេរិក កំពុងតែផ្ទុះបាតុកម្មស្ទើគ្រប់រដ្ឋ ហើយបាតុកម្មទាមទាររកយុត្តិធម៌ ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd)។
ក្នុងឱកាសលោកដឹកនាំក្រុមការងារ ចុះចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាលើកទី២ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ លោក កែវ រ៉េមី បានថ្លែងថា សព្វថ្ងៃនេះកម្ពុជាអត់មានអីទាំងអស់ ប្រជាពលរដ្ឋរស់យ៉ាង ស្រួល ប្រកបរបរ ការសម្តែងមតិ ប៉ុន្តែ កុំឲ្យប៉ះពាល់ដល់អ្នកដទៃ កម្ពុជាមានរបៀបក្រឹត្យក្រម សីលធម៌។
លោក មានប្រសាសន៍ថា «ឥលូវស្ថានភាពនៅអាមេរិក ពូ មីង ដល់ករបាតុកម្ម ហើយមិនត្រឹមអាមេរិក ឥឡូវរហូតឆ្លងចូលទៅអឺរ៉ុប រឿងបាតុកម្ម តវ៉ា បាញ់ ទាត់ធាក់ សង្កត់ករ ការរើសអើងពូជសាសន៍ពណ៌សម្បុរ អញ្ចឹងមិនដឹងអ្នកណាជួយអ្នកណាទេ ដល់អញ្ចឹងខ្ញុំបែកអំបិល អំពែកដែរ វង្វេងដែរ ត្រង់ថា ស្ថានភាពនៅអាមេរិក អឺរ៉ុប ឥលូវវាធាក់ថយក្រោយរបៀបទៅជំនាន់ដើមការរើសអើងពូជសាសន៍ពណ៌សម្បុរ ផ្នត់គំនិតអាមេរិក អឺរ៉ុប នៅជ្រៅប្រកាន់ពូជសាសន៍ ដល់លាក់ទុកយូរៗទៅវាផ្ទុះ»។
បន្ថែមពីនេះ មេសិទ្ធិមនុស្ស លើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ រស់នៅដោយសុខសប្បាយ ព្រមទាំងទទួលបានសិទ្ធិគ្រប់បែបយ៉ាង ដែលគាំពារដោយច្បាប់ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ EB