ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។

«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ