សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនចិន ពន្លឿនគម្រោងសិក្សាពាក់ព័ន្ធនឹងការសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក វ៉ាង តុងជូ ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលបាននិងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពន្លឿនកិច្ចការគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ ដោយបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជា ។
ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើង ក្នុងឱកាស អនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងជំនួបនេះ លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីគម្រោងវិនិយោគផ្លូវថ្នល់ ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗ ដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំ កិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀត ពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក ។
ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។ ដោយសម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោង ដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ៕EB