ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសរំលេចពីតួនាទីដ៏សំខាន់  របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហា ប្រឈមសកលទាំងឡាយ ដោយ សម្តេចធិបតី បញ្ចាក់ថា ការធ្វើពាណិជ្ជ  មិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញ ដល់សន្តិសុខ សេដ្ឋកិច្ចពិភពលោកនោះទេ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតមួយ» នាទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានមានប្រសាសន៍ថា ក្នុងបរិការណ៍សកលលោក ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា, ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្ម ដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និង វិបុលភាពរួម យ៉ាងពិតប្រាកដ។

សម្តេចនាយករដ្ឋមន្ត្រី  បន្តថា នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់ មនុស្សជាតិត្រូវបានធ្លាក់ចុះ ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា រំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ ។ ក្នុងឆ្នាំ ២០២១ និង ២០២២ ពាណិជ្ជកម្មទំនិញ បានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃពាណិជ្ជកម្ម ក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ច របស់ប្រជាជនលើពិភពលោក ។

សម្តេចនាយករដ្ឋមន្ត្រី  បានសង្កត់ធ្ងន់ថា "ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហា ប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹង ផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។ ការធ្វើ ពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ"៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ