ហ្វីលីពីន៖ ព្យុះទីហ្វុង Rai ជាព្យុះទី១៥ខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់បានស្លាប់ហើយ មនុស្សរបួសជាច្រើននាក់នេះបើតាមមន្ត្រីជំនាញបានរាយការណ៍ដល់សារព័ត៌មាន Aljazeeraនៅថ្ងៃសុក្រទី១៧ខែធ្នូនេះ។

ព្យុះនេះបានបោកបក់ពាសពេញប្រជុំកោះ បំផ្លាញផ្ទះសំបែង ដួលរលំដើមឈើ ខូចខាតបណ្តាញអគ្គិសនី និងការជន់លិចភូមិ និងទីប្រជុំជនកោះ Siargao ភាគកណ្តាលហ្វីលីពីន។តាមការពន្យល់ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន ខ្យល់ព្យុះទីហ្វុង Rai បានកើតឡើង យ៉ាងចម្លែកព្រោះថា រដូវខ្យល់ព្យុះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវចប់តាំងពីខែតុលាម្ល៉េះ។ លើកនេះ ខ្យល់ព្យុះទីហ្វុងដែលបក់ពីកើតទៅលិច នឹងបក់ឆ្លងកាត់កោះមីនដាណាវ មុននឹងទៅដល់សមុទ្រចិន និងសំដៅប្រទេសវៀតណាមនៅថ្ងៃសៅរ៍ចុងសប្តាហ៍ទៅវិញ។

មកដល់ពេលនេះកាកបាទក្រហមហ្វីលីពីនបានធ្វើការចុះជួយសង្រោះផ្តល់អាហារ ទឹក ខណៈអាជ្ញាធរក៏កំពុងនាំយកភួយ ព្រមទាំងឧបករណ៍សុវត្ថិភាពទៅទីតាំងរងគ្រោះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើររាប់សិបជើង ដែលមានគម្រោងមកកម្សាន្តនៅទីនេះផងដែរ។

សូមបញ្ជាក់ ថាRai គឺជាកំពូលព្យុះទីហ្វុង នៅពេលបោកបក់ចូលកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំមកជាមួយល្បឿនខ្យល់អតិបរមា ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមថ្ងៃសុក្រនេះ ល្បឿនខ្យល់បានថយចុះមកត្រឹម១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ