កម្ពុជា បណ្ដេញចេញជនបរទេស ១៣០នាក់ បន្ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់
ភ្នំពេញ ៖ កម្ពុជា បណ្ដេញចេញជនបរទេស១៣០នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៣០នាក់ ស្រី០៣នាក់មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាមចំនួន២០នាក់ និងជនជាតិចិនចំនួន១១០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រពាំងផ្លុង។
ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕