អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បំភ្លឺចំពោះការរិះគន់ព្រលានយន្តហោះសៀមរាបថ្មី ថាជាការបញ្ចេញមតិ ដែលមិនមានប្រភពព័ត៌មានច្បាស់លាស់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធទំព័រហ្វេសប៊ុកមួយឈ្មោះ«The CEROC» បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលចោទប្រកាន់ថា មិនយកអតិថិជនជាធំទេ។ ទំព័រហ្វេសប៊ុក«The CEROC» បន្តរិះគន់ទៀតថា អតិថិជនបានឱ្យពិន្ទុទាបខ្លាំងណាស់ ពោលគឺមានរឿងពុករលួយ ការផ្តល់សេវាកម្មមិនល្អ និងផ្តាំអ្នកដទៃមិនឱ្យឆ្លងកាត់ព្រលានសៀមរាបថ្មីនេះថែមទៀត ។
ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពិនិត្យឃើញថា ការបញ្ចេញមតិ ដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទ នៃការត្រូវបានបញ្ចេញមតិទាំងនេះ ភាគច្រើន បានផុសមុនពេល ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បើកដំណើរការជាផ្លូវការ ។
ក្នុងសេចក្តីបំភ្លឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមថា ខ្លួនបានខិតខំប្រឹងប្រែង ក្នុងការជំរុញការអនុវត្តច្បាប់ ស្ដីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើនរំលឹកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទ នៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ពិសេសបានណែនាំឲ្យដាក់ផ្លាកជាចំហ អំពីតម្លៃទិដ្ឋាការ នៅមុខទីតាំង ផ្តល់ទិដ្ឋាការ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរ ស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មាន សំដៅរួមចំណែកជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងន័យស្ថាបនា ដើម្បីកែលម្អ ចំណុចខ្វះខាត និងលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយ នូវព័ត៌មាន ដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត ដែលបន្តឲ្យមានការភ័ន្តច្រឡំដល់សាធារណជន និងភ្ញៀវបរទេសនានា ៕