អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ការអត់ធ្មត់ គឺជាគន្លឹះសំខាន់បំផុត ក្នុងការអនុវត្តបទឈប់បាញ់
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា គោរពបទឈប់បាញ់ ខណៈដែលកងទ័ពរបស់កម្ពុជា មានវិន័យ ដោយឥតមានអ្នកណាម្នាក់ បំពានឡើយ បើទោះបីមានការបង្កហេតុញុះញ៉ង ឱ្យខ្មែរអស់មានអត់ធ្មត់យ៉ាងណាក៏ដោយ ព្រោះថា ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ក្នុងការអនុវត្តបទឈប់បាញ់នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានលើកឡើងថា នៅក្នុងដំណាក់កាលនេះ កម្ពុជា កំពុងតែអនុវត្តបទឈប់បាញ់ ដែលបានចូលជាធរមាន កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់នឹងម៉ោងនេះ កម្ពុជា អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អបំផុត ដោយគ្មានល្មើសចំណុចណាមួយទេ ។
ក្នុងនោះអ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់កម្ពុជាគោរពបទឈប់បាញ់ ខណៈដែលកងទ័ពរបស់កម្ពុជា ក៏មានវិន័យ ដោយមិនមានអ្នកណាបំពានបទឈប់បាញ់ឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្តី ហើយនេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ អះអាងថា កម្ពុជា គោរពបទឈប់បាញ់បានយ៉ាងល្អ ហើយម្យ៉ាងទៀតកងទ័ព និងកងកម្លាំងរបស់កម្ពុជាមានវិន័យ ស្តាប់បញ្ជាមេដឹកនាំ ដែលទាំងអស់នេះ ចាត់ទុកថា ជាចំណុចខ្លាំងរបស់កម្ពុជា។
លោក ប៉ែន បូណា មានប្រសាសន៍ថា “ការអនុវត្តបទឈប់បាញ់នេះ បងប្អូនតោងយល់ថា ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ហេតុអ្វី? ពីព្រោះ យើងទាំងអស់គ្នាបានដឹងថា បទឈប់បាញ់នេះ មិនមែនកើតឡើងតែ២នាក់ទេ កម្ពុជានិងថៃទេ តែវាកើតឡើងដោយការចូលរួមពីអន្តរជាតិ ពោលគឺលទ្ធផលវាកើតចេញពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពុត្រាចាយ៉ា ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន”៕