ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី និងអនុប្រធាន ព្រមទាំងសមាជិក បានប្តេជ្ញាបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ឱ្យកាន់តែល្អប្រសើរឡើង សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។

ការបង្ហាញជំហរបែបនេះរបស់ លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងក្នុងឱកាសទទួលតំណែងជាប្រធាន គ.ជ.ប សម្រាប់អាណត្តិថ្មី និងការប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការរបស់ ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ទាំង៩រូប នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រធាន គ.ជ.ប អាណត្តិថ្មី បានថ្លែងអំណរគុណយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិមុនសម្រេចបាន និងសូមកត់ត្រាទុកនូវស្នាដៃទាំងនេះ ដើម្បីជាមេរៀនពិសោធន៍សម្រាប់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់អាណត្តិ ព្រមទាំងមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ យកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ចាត់ចែង គ្រប់គ្រង និងកែលម្អការបោះឆ្នោតលើកក្រោយៗទៀត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាពគ.ជ.បថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមកំណត់ច្បាប់។ ផ្អែកលើសមាសភាព គ.ជ.បអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយបទពិសោធន៍ មានជំនឿយ៉ាងមុតមាំថា នឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះ បានដោយជោគជ័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ