ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យមន្ត្រី EU ដាក់ពន្ធលើចិន -ឥណ្ឌារហូតដល់១០០ភាគរយ
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានជំរុញឱ្យមន្ត្រីសហភាពអឺរ៉ុប (EU) ដាក់ពន្ធលើចិន និងឥណ្ឌា រហូតដល់ ១០០ ភាគរយ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការឱ្យដឹងពីប្រភពមន្រ្តីអាមេរិក និងការទូត EU។
លោក ត្រាំ បានស្នើបែបនេះតាមរយៈកិច្ចប្រជុំតាមអនឡាញជាមួយប្រេសិតទទួលបន្ទុកការដាក់ទណ្ឌកម្មរបស់ EU លោក David O’Sullivan និងមន្ត្រី EU ផ្សេងៗទៀត។ ឥឡូវនេះ គណៈប្រតិភូ EU កំពុងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការសម្របសម្រួលទណ្ឌកម្ម។
សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការដំឡើងពន្ធស្រដៀងគ្នា ប្រសិនបើ EU នឹងធ្វើតាមសំណើរបស់ខ្លួន។ កន្លងមក លោក ត្រាំ បានគំរាមកំហែងជាញឹកញាប់ថានឹងដាក់ពន្ធលើឥណ្ឌា និងចិន ចំពោះការទិញប្រេងរុស្ស៊ី។ លោកបានដំឡើងពន្ធលើឥណ្ឌារហូតដល់ ៥០ភាគរយ រួចហើយ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយចិនបានធ្លាក់ចូលជ្រោះនៃភាពស្មុគស្មាញដោយសារតែពន្ធគយបដិការ។
សូមបញ្ជាក់ថា ចិន និងឥណ្ឌា ប្រទេសទាំង២ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសេដ្ឋកិច្ចរបស់រុស្ស៊ីឱ្យស្ថិតស្ថេរ ចំពេលបន្តសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលផ្ទុះឡើងទ្រង់ទ្រាយធំនៅខែកុម្ភៈ ឆ្នាំ ២០២២៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង