កំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ រួមមាន នគរបាល អាវុធហត្ថ និងបរិស្ថាន បានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោយមានករណីបាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះ។

អាជ្ញាធរឃុំចំបក់ នៃស្រុកភ្នំស្រួច បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រោយមានករណីក្រុមឧត្តមសេនីយ៍ ចាប់ពីផ្កាយ១ ផ្កាយ២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះ ហ៊ោកញ្ជៀវរួចមក និងបានវិលត្រឡប់ចាកចេញពីផ្ទះកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងរើសបានសំបកគ្រាប់យ៉ាងច្រើន ដែលនៅរាយប៉ាយលើដី។សំបកគ្រាប់ដែលរើសបានមានចំនួន ២០៣គ្រាប់ ក្នុងនោះប្រភេទអាវុធខ្លីចម្រុះ ១១២គ្រាប់ គ្រាប់M១៦ ចំនួន៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ ផ្សេងទៀតមិនស្គាល់ម៉ាក។

ជាមួយនឹងការចុះពិនិត្យកន្លែងផ្ទុះអាវុធក្នុងផ្ទះឧត្តមសេនីយ៍យោធានេះ ពលរដ្ឋបានសម្តែងការសាទរ ព្រោះការបាញ់បោះកន្លងមកអត់ដែលឃើញសមត្ថកិច្ចហ៊ានចេញមុខ ឬចុះពិនិត្យទេ តែលើកនេះសមត្ថកិច្ចបានបញ្ចេញសាច់ដុំដោយមិនមានការខ្លាចរអា។ ពលរដ្ឋរំពឹងថា ពួកគាត់នឹងរស់បានសុខ មិនមានការភ័យខ្លាចទៀត។ ពលរដ្ឋក៏សង្ឃឹមថា សមត្ថកិច្ច និងចាត់ការលើក្រុមឧត្តមសេនីយ៍ទាំងអស់នោះតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ