អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលអាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាការគោរពដល់លោក Charlie Kirk ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Charlie Kirk មានអាយុ៣១ឆ្នាំ ត្រូវបានខ្មាន់បាញ់សម្លាប់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត នៅឯសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២៖២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។ អង្គុយបានមួយសន្ទុះស្រាប់តែឮស្នួរគ្រាប់កាំភ្លើង ហើយលោក Kirk បានយកដៃស្ទាបក ហើយក៏ដួលពីលើកៅអីអង្គុយ ធ្វើឱ្យភាពចលាចលកើតឡើង។

វីដេអូមួយបានបង្ហាញពីឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗក្រោយលោកត្រូវបានគេបាញ់ប្រហារ។ អាជ្ញាធរអាមេរិកបានឱ្យដឹងថាខ្មាន់កាំភ្លើងទំនងជាបើកការបាញ់ប្រហារចេញពីលើ ដំបូល ហើយមានមនុស្សជាង ៣០០០នាក់បានចួលរួមក្នុងពិធីសំណេះសំណាលនោះ។

សូមបញ្ជាក់ថា ចំពោះឃាតកម្មនេះ លោក ត្រាំ ក៏បានសន្យាតាមប្រមាញ់អ្នកដែលទទួលខុសត្រូវលើការធ្វើឃាតលោក Charlie ផងដែរ។ «នេះជាទំព័រដ៏ខ្មៅងងឹតសម្រាប់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ខ្ញុំនឹងតាមស្វែងរក អ្នកទាំងឡាយណាដែលបានចូលរួមចំណែកក្នុងអំពើដ៏សាហាវឃោរឃៅនេះ និងបង្រ្កាបអំពើហិង្សានយោបាយ ក្នុងនោះរួមមានបណ្ដាអង្គការណាដែលត្រូវបានរកឃើញថាជាអ្នកគាំទ្រទង្វើឃោរឃៅបែបនេះ» ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ