ហ្វីលីពីន៖ កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Marcos Jr បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនេះមានន័យថាលោកនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២២។
បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស ទទួលបានសំឡេងគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ ដល់ទៅ ២ដង។ រីឯ លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគេពឹងថានឹងត្រូវចេញផ្សាយ នៅចុងខែឧសភានេះ។
លោក Ferdinand Marcos Junior ជាកូនប្រុសរបស់លោក Ferdinand Marcos ដែលធ្លាប់បានកាន់អំណាចផ្តាច់ការ នៅហ្វីលីភីន អំលុងទសវត្សរ៍១៩៧០និង៨០ ដែលបានធ្វើឲ្យមនុស្ស ៧ម៉ឺននាក់ ត្រូវគេសម្លាប់ ត្រូវរងទារុណកម្ម និងត្រូវគេរំលោភផ្លូវភេទ។ នេះបើតាមអង្គការ Amnesty International។ លោកFerdinand Marcos បានភៀសខ្លួនរត់ចោលស្រុក និងស្លាប់នៅសហរដ្ឋអាមេរិក ឆ្នាំ១៩៨៧។ លោកត្រូវជាប់ឈ្មោះថា ជាមេដឹកនាំផ្តាច់ការ និងបានលួចលុយជាតិ ១០ពាន់លានដុល្លារ៕SP