តាកែវ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ រឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម នៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

ការបង្ក្រាបនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តតាកែវ។

សូមជម្រាបថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានធ្វើឡើងដូចភ្លៀងរលឹមនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ