ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងប្រើអំពើហិង្សា តាមរយៈការដោះខ្សែក្រវ៉ាត់វាយ ទៅលើប៉ូលីសចរាចរណ៍ កំពុងអនុវត្តច្បាប់ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃ២៨ មិថុនា ។
ករណីនេះ កើតឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ។ បុរសបង្កហេតុ ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាព នៅពេលសមត្ថកិច្ច ធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិន ស្តាប់តាមការណែនាំ ថែមទាំងជេរប្រមាថមាក់ងាយ និងយកខ្សែក្រវ៉ាត់ វាយចំមកលើសមត្ថកិច្ចថែមទៀតផង ។
ដោយឃើញ សកម្មភាពប្រើអំពើហិង្សា មកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំ នៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយផ្តោតសំខាន់ ទៅលើចំណុចមួយចំនួនដូចជា ៖ ការរារាំងដល់ការអនុវត្តច្បាប់ មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថមើល និងប្រើអំពើហិង្សាវាយតប់ មកលើមន្ត្រីអនុវត្តច្បាប់ ៕EB