ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន។

តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយឈរលើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង ត្រូវរាយការណ៍»។

សម្តេចបវរធិបតី បន្ដថា រដ្ឋបាលរាជធានី ខេត្ត ត្រូវម្ចាស់ការលើការងារផ្សព្វផ្សាយអប់រំ ដោយត្រូវបញ្ជាបការអប់រំអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ឱ្យចំគោលដៅហានិភ័យនៅក្នុងមូលដ្ឋានតាមក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិ និងរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀនឱ្យបានល្អប្រសើរ ដោយគ្មានការប្រើប្រាស់គ្រឿងញៀន។

លើសពីនេះ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។ លើកទឹកចិត្តឱ្យគ្រប់ព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍សិល្បៈ តន្ត្រី កីឡា វប្បធម៌ និងសាសនា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា សូមឱ្យមានបង្កប់សារដាស់តឿននិងអប់រំឱ្យប្រជាពលរដ្ឋជៀសឆ្ងាយពីគ្រឿងញៀន។

ជាងនេះទៅទៀត សម្តេចបវរធិបតី ក៏បានលើកទឹកចិត្ត មាតា បិតា អាណាព្យាបាល និងសាមីខ្លួនអ្នកញៀន ត្រូវមានស្មារតីរឹងមាំក្លាហាន ក្នុងការទទួលយកសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលនិង/ឬមណ្ឌលរដ្ឋនិង ឯកជន ដើម្បីចូលរួមកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ