អូស្លូ ៖ មេដឹកនាំបារាំងបានព្រមានថា ស្ថានភាពជុំវិញជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែ ផុយស្រួយ ទោះបីជាមានការប្រកាសពីបទឈប់បាញ់ដោយលោកប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ មិថុនា ២០២៤។
លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់អ្នកកាសែតក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសន័រវេសថា ស្ថានភាពជម្លោះជាក់ស្តែងនៅតែផុយស្រួយ និងមិនមានស្ថិរភាព។ តែលោកគិតថា វាជារឿងល្អណាស់ ដែលលោកប្រធានាធិបតី Trump អំពាវនាវឱ្យមានបទឈប់បាញ់។
ឆ្លើយតបរបាយការណ៍ដែលថា ភាគីជម្លោះទាំងពីរនៅតែបន្តវាយប្រហារ ក្រោយប្រកាសបទឈប់បាញ់ ប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ថា ប៉ុន្មាននាទីចុងក្រោយបានបង្ហាញថា ស្ថានភាពជម្លោះនៅតែផុយស្រួយខ្លាំង។
ទាំង អ៊ីស្រាអែល និង អ៊ីរ៉ង់ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារ បន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រកាសពីបទឈប់បាញ់។ មេដឹកនាំបារាំងរូបនេះបន្ថែមថា ហានិភ័យចម្បងមួយសម្រាប់តំបន់ និងសហគមន៍អន្តរជាតិ គឺថា អ៊ីរ៉ង់នឹងព្យាយាមបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដោយសម្ងាត់ឡើងវិញ។
លោកថា ហានិភ័យនេះពិតជាបានកើនឡើងជាមួយនឹងអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះ ហើយថា យើងត្រូវតែរារាំងជាដាច់ខាតមិនឱ្យអ៊ីរ៉ង់ដើរលើផ្លូវនេះបានឡើយ៕RT