ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវផ្អាកដំណើការផលិតកម្មទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ដោយមូលហេតុក្រុមហ៊ុនមិនបានអនុវត្តតាមច្បាប់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់និងគោលការណ៍ជាធរមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ