បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ ឲ្យបានទាន់ពេលវេលា។



ការលើកទឹកចិត្តរបស់ សម្ដេច ស ខេង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥នាក់ ទូទាំងខេត្តបាត់ដំបង ប្រារព្ធនៅសាលមហោស្រពស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៥។



នាឱកាសនោះ សម្ដេច ស សុខា ក៏បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចាប់តាំងពីច្រកព្រំដែន រហូតមកដល់លំនៅឋាន ប្រកបដោយសុវត្ថិភាព ហើយបាននិងកំពុងសម្របសម្រួលស្វះស្វែងរកការងារក្នុងប្រទេសជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ រួមទាំងការដោះស្រាយស្បៀងអាហារ និងបញ្ហាប្រឈមនានាក្នុងជីវភាពរស់នៅ។



លើសពីនេះ សម្តេច បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ព្រមទាំងបន្តប្រមូលផ្តុំខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ