លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវបង្ក្រាបគ្រឿងញៀនពីរករណីធំៗ និងរឹបអូសបានជាងពីរតោន។ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បា ប់ឆ្នាំ២០២២ និងលើកទិស ដៅឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ក្នុងកិច្ចសហការ បង្ក្រាបគ្រឿងញៀននៅឆ្នាំ២០២២ មានករណីធំៗចំនួនពីរ ដែលកងកម្លាំងរបស់យើងធ្វើការស្រាវជ្រាវ នឹងបង្ក្រាបបានគ្រឿងញៀនជាងពីរតោន នេះជាមោទនភាពសម្រាប់ កម្លាំងសមត្ថកិច្ចរបស់យើង ក្នុងការយកចិត្តទុកដាក់ស្រាវជ្រាវ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ ក្នុងនោះករណីបង្ក្រាបធំ របស់កម្លាំងស្នងការនគរបាលខេត្ត ១ករណី ដកហូតថ្នាំញឿនបានចំនួន ៨៧១គីឡូក្រាម ដោយឡែកកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បង្ក្រាប ១ករណី ដកហូតបានថ្នាំញឿន ១ ១៣៣គីឡូក្រាម។ នេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានដែលពួកឧក្រិដ្ឋជនបានធ្វើការនាំចូលមកកាន់ខេត្តព្រះសីហនុ»។
លោក គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែ លបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី អនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំ ងគ្រឿងញៀន ខុសច្បាប់ប្រកបដោយការទទួលខុសត្រូវ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបង្ក្រាបបានចំនួន ២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់ ក្នុងនោះក៏មានជនបរទេសដូចជា (ចិន វៀតណាម ថៃ និងម៉ាឡេស៊ី)។ដោយឡែកកងរាជអាវុធហត្ថខេត្តបង្ក្រាបបានចំនួន ៨៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣២នាក់ ស្រី ៣៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កងកម្លាំងរបស់យើងក៏បានធ្វើការបង្ក្រាបបានពីរករណីធំៗ ដកហូតគ្រឿងញៀន បានជាង ២តោន៕