ភ្នំពេញ ៖ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នឹងប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង ១៥,៧០០នាក់ មកពី ១៥អង្គភាព។

នេះជារបាយការណ៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក្នុងពេលដឹកនាំកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ត្រៀមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។


នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា គោលបំណងទី១ ត្រូវធានាដាច់ខាតសុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ គោលបំណងទី២ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។


គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសល់តែ ៨៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ និងកីឡាជនពិការ ASEAN Para Game លើកទី១២ នឹងចាប់ផ្តើមជាផ្លូវការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ