យុវជនម្នាក់បែកថ្នាំរហូតវង្វេងស្មារតី កាន់ដាវដំបងដេញកាប់ឪពុកម្តាយខ្លួនឯងមិនបានសម្រេច បែរជាទៅកាប់ស្ត្រីម្នាក់ដែលកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់ទៅសម្ងំលាក់ខ្លួនពួនក្នុងព្រៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ឈិន សៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់មណ្ឌលកែប្រែ។ ឪពុកឈ្មោះ ឆុន ឈិន អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកើតហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុន កក ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជាស្ត្រីមេម៉ាយ មានកូនប្រុស៣នាក់ រស់នៅក្នុងភូមិជាមួយគ្នា។
មុនពេលកើតហេតុ ជនសង្ស័យបែកថ្នាំ ក៍ទាញដាវដំបង ដេញកាប់ឪពុកម្តាយខ្លួនឯង តែមិនបានសម្រេច ព្រោះពួកគាត់នាំគ្នារត់គេចខ្លួន។ ស្របពេលនោះស្ត្រីរងគ្រោះកំពុងដើរឆ្លងកាត់មុខផ្ទះរបស់ជនសង្ស័យក្នុងបំណងទៅធ្វើការនៅឯរោងចក្រនោះ ស្រាប់តែជនសង្ស័យស្ទុះមកកាប់ និងវាយលើស្ត្រីរងគ្រោះបណ្តាលឲ្យរបួសក្បាល និងដៃ ធ្ងន់ធ្ងរ ហូរឈាមកក្លាក់ ហើយជនសង្ស័យបានរត់គេចទៅសម្ងំក្នុងព្រៃឫស្សីមុខផ្ទះបាត់ទៅ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយកម្លាំងនគរបាល កម្លាំងប្រជាការពារ ពលរដ្ឋក្នុងភូមិ នាំគ្នាចេញធ្វើអន្តរាគមន៍តាមស្វែងរកជនសង្ស័យដែលរត់ទៅសម្ងំក្នុងព្រៃអស់រយៈពេល៣០នាទី ទើបឃាត់ខ្លួនបាន តែជនសង្ស័យដែលស្ថិតក្នុងសភាពបែកថ្នាំ បាននិយាយថា ដោយសាររូបគេខឹងនឹងកូនប្រុសរបស់ស្ត្រីរងគ្រោះចេះធ្វើអំពើអាបធ្មប់ ធ្វើឲ្យរូបគេវង្វេងវង្វាន់ ទើបរូបគេមានគុំនំចាំកាប់ស្ត្រីរងគ្រោះជាម្តាយ ក្នុងបំណងសម្លាប់ចោល តែម្តង ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនរួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៕SS