គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខឡើយ
ភ្នំពេញ៖ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងសេចក្ដីណែនាំរបស់ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ និង គ.ជ.ប បានបញ្ជាក់ថា អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងធានាឱ្យដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុង បរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានធ្វើការណែនាំដូចខាងក្រោម ៖
ទី១-គណបក្សនយោបាយ និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
ទី២-គណបក្សនយោបាយ និងបេក្ខជន និងប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឱ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាព ណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ហា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់ គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាធរមាន។
លើសពីនេះទៀត គ.ជ.ប និង គ.ស.អ សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមាន ឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងគណៈ កម្មការរៀបចំការបោះឆ្នោតព្រមទាំងយន្តការ រចនាសម្ព័ន្ធនៃ គ.ស.អ គ្រប់លំដាប់ថ្នាក់ នឹងសហការ អនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈ សម្បត្តិ ធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕EB