វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនជាង ៣០ម៉ឺនដូសនឹង ដឹកមកដល់កម្ពុជាល្ងាចថ្ងៃនេះ
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca ) ចំនួន ៣០៨,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីបន្តរួមចំណែកប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។
ពិធីប្រគល់និងទទួលវ៉ាក់សាំងនេះ នឹងធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនបហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក មីកាមិ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។
ប្រទេសជប៉ុន ក៏ជាប្រទេសមួយដែលបានផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសកម្ពុជា តាមរយៈយន្ដការកូវ៉ាក់។ នេះគឺជាជំនួយវ៉ាក់សាំង លើកទី៣ ហើយដែលជប៉ុនបានផ្ដល់ឲ្យកម្ពុជា ខណៈដែលការផ្ដល់លើកទី១ មានចំនួន១លានដូស និងលើកទី២ចំនួន៣០ម៉ឺនដូស។
កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២២០,០៦៧នាក់៕sp