ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចុងខែមិថុនា វ៉ាក់សាំង ចំនួន២លានដូស និងខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំង ចំនួន៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ដើម្បីបន្ដចាក់ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូរ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានថ្លែងថា «នាពេលខាងមុខ នៅខែមិថុនា នេះ គឺយើងនឹងទទួល វ៉ាក់សាំងពីក្រុមហ៊ុនស៊ីណូវ៉ាក់ ២លានដូសទៀត នៅសប្ដាហ៍ចុងក្រោយ នៃខែមិថុនា នេះ។ ហើយយើងនឹងទទួល វ៉ាក់សាំង ៣លានដូសទៀត នៅខែកក្កដា»។
លោកស្រី បន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យទិញវ៉ាក់សាំងបន្ថែម ចំនួន៣លានដូសទៀត ដោយគណៈកម្មាធិការចាក់វ៉ាក់សាំង នឹងចុះហត្ថលេខាបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ក្នុងពេលឆាប់ៗនេះ។
លោកស្រី បន្ថែមថា ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមាន អាយុ១៨ឡើងទៅ ឲ្យបានគ្រប់ៗគ្នា។ ដោយឡែក ការចាក់វ៉ាក់សាំងដល់កូនក្មេងវិញ ភាគីពាក់ព័ន្ធ កំពុងពិភាក្សាអំពី បញ្ហានេះ ផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះផែនការ នៃចាក់ទៅលើកូនក្មេងនេះ យើងឃើញហើយថា ក្រុមហ៊ុនស៊ីណូវ៉ាក់ គាត់មានលទ្ធភាព ក្នុងការចាក់ជូនទៅលើកូនក្មេង។ ប៉ុន្ដែសម្រាប់កម្ពុជាយើង ធ្វើយ៉ាងម៉េច? ចាក់ទៅលើគោលដៅចំណុចដែលមាន អាយុចាប់ពី១៨ឆ្នាំឡើងទៅ ធ្វើយ៉ាងណាឲ្យបានគ្រប់គ្នា នៃផែនការរបស់រាជរដ្ឋាភិបាលសិន។ ចំពោះស៊ីណូវ៉ាក់ ដែលអាចមានលទ្ធភាពចាក់ឲ្យកូនក្មេង យើងនឹងធ្វើការបន្ដជាមួយ ក្រុមហ៊ុនស៊ីណូវ៉ាក់ ហើយគណៈកម្មការកំពុងធ្វើការយ៉ាងសកម្មជាមួយ គណៈកម្មការបច្ចេកទេស តើជំហានទី២ នៃផែនការយុទ្ធសាស្ដ្រចាក់វ៉ាកសាំងនេះ តើចាក់លើកូនក្មេងចាប់ពី អាយុប៉ុន្មាន? ហើយប្រសិទ្ធចាក់ហើយ នៅកម្រិតណាទៀត»។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,២៥៧,៨៥៧នាក់។ ខណៈលទ្ធផល ចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៣២.៥៨% ហើយ៕EB