ក្រសួងសេដ្ឋកិច្ច ៖ ត្រឹមខែសីហា វ៉ាក់សាំង២០លានដូស នឹងមកដល់កម្ពុជាអស់ហើយ ដោយចំណាយថវិកា ជាង១៧០លានដុល្លារ
ភ្នំពេញ ៖ លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា តាមការគ្រោងទុក ត្រឹមខែសីហា ឆ្នាំ២០២១ ខាងមុខ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស នឹងមកដល់កម្ពុជាអស់ហើយ ដោយចំណាយថវិកា ជាង១៧០លាន ដុល្លារ។
លោកបន្ដថា មកទល់ពេលនេះកម្ពុជាមានវ៉ាក់សាំង ដូចជា ៖ ជំនួយកូវ៉ាក់ ៣សែនដូស ,ជំនួយចិន ជាង២លាន ដូស ហើយសល់ប្រមាណកម្ពុជា បញ្ជាទិញទាំងអស់ ក្នុង២០លានដូស ចំណាយថវិកា ជាង១៧០លាន ដុល្លារ។
ក្នុងពិធីទទួល វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់ចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក វង្ស៊ី វិស្សុត ប្រាប់ក្រុមអ្នកសារព័ត៌មានថា នាពេលកន្លងមក កម្ពុជា គ្រោងទិញវ៉ាក់សាំង ឲ្យបាន២០លានដូស ដល់ដាច់ឆ្នាំ២០២១។
លោក ថ្លែងថា «យើងគ្រោងទិញ វ៉ាក់សាំង២០លានដូស រហូតដល់ដាច់ឆ្នាំ២០២១។ ប៉ុន្ដែឥឡូនេះ តាមផែនការថ្មីចប់ ខែ៨ ទិញបានអស់ហើយ ខែនេះ៥លានដូស ខែក្រោយ៥លានដូស ខែ៨ ចំនួន៤លានដូសទៀត»។
លោក បន្ថែមថា «វ៉ាក់សាំងមកដល់ថ្ងៃនេះ យើងបានជំនួយ៣សែនដូសពីកូវ៉ាក់ និងបានជំនួយពីចិន ២លាន ២សែនដូស។ សល់ប្រមាណ យើងទិញខ្លួនឯងទាំងអស់ ក្នុង២០លានដូសនេះ យើងចំណាយប្រហែល ១៧០លានដុល្លារ»។
លោក បន្ថែមថា បើវ៉ាក់សាំងមកកម្ពុជាតាមការគ្រោងទុកនោះ ការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នឹងរួចរាល់ ខែតុលា ឬវិច្ឆិកា ឆ្នាំ២០២១។ លោកថា បន្ទាប់មកទៀត នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នា រកវិធីសាស្ដ្រចាក់ វ៉ាក់សាំង ជូនអ្នកក្រោម អាយុ១៨ឆ្នាំ តើគួរចាក់ត្រឹមកម្រិតណា?។ លោកថា រាជរដ្ឋាភិបាល ក៏កំពុងសិក្សាចាក់វ៉ាក់សាំង ដូសទី៣ ផងដែរ។
លោក បញ្ជាក់ថា «កំពុងសិក្សាចាក់វ៉ាក់សាំងដូសទី៣ ដូច្នេះរាជរដ្ឋាភិបាល គិតមួយជំហានទៅមុខឲ្យហើយ គឺចាក់ឲ្យក្មេង និងវ៉ាក់សាំងទី៣។ ប៉ុន្ដែចំពោះមុខត្រូវ ចាក់១០លាននាក់ អ្នកមានអាយុ១៨ឆ្នាំឡើងឲ្យអស់ ហើយឥឡូវនេះមានសមត្ថភាពចាក់ខ្ពស់ហើយ មានវ៉ាក់សាំងមកដល់ច្រើនហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។
មន្ដ្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានតម្រូវការខ្ពស់សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសនោះ បើកសេដ្ឋកិច្ច និងឲ្យប្រជាជនធ្វើការងារឡើងវិញជាប្រក្រតី។ ក្នុងស្ថានភាពជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ ចំនួន៤ រួមមាន ៖ ទិញវ៉ាក់សាំង ឲ្យបានលឿនបំផុត ,បង្ការជំងឺកូវីដ-១៩ មាន ៣ការពារ ៣កុំ ,ទប់ស្កាត់តាមច្រកព្រំដែន ,ពង្រឹងការព្យាបាលអ្នកកើត ជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,៨០៣,១៦៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៣៨.០៣% ហើយ ៕EB