ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចថ្មីដោយមិនត្រូវឱ្យធ្វើតេស្តរកកូវីដ-១៩លើសពអ្នកជំងឺទូទៅទៀតឡើយ
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ចេញសេចក្តីសម្រេចថ្មីមួយស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ សេចក្តីសម្រេចនេះ បានគូសបញ្ជាក់ថា សពអ្នកជំងឺទូទៅមិនតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ-១៩បន្តទៀតនោះឡើយ។
ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងតាមផ្ទះ ប្រកបដោយសុវត្ថិភាព។ នោះគឺសព ដែលមិនមែនជាអ្នកជំងឺកូវីដ-១៩ ហើយស្លាប់ដោយសារជំងឺ ឬមូលហេតុផ្សេងៗ នៅតាមមន្ទីរពេទ្យ ឬនៅតាមផ្ទះ មិនតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ ទៀតនោះទេ។
ក្នុងនោះដើម្បីបង្ការ និងទប់ស្កាត់ការចម្លងរោគផ្សេងៗ ជាយថាហេតុ ការគ្រប់គ្រង និងចាត់ចែងសព ត្រូវអនុវត្តតាមវិធានការណ៍សុខាភិបាល និងស្របតាមទំនៀមទំលាប់ប្រពៃណីសាសនា ក្នុងបរិបទកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ ក្នុងនោះ ការគ្រប់គ្រងសព ត្រូវឈរលើគោលការណ៍គ្រឹះ ៣យ៉ាង ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់សព និងរក្សាតុល្យភាពរវាងសិទ្ធិរបស់គ្រួសារសព និងភាពចាំបាច់ក្នុងការបង្ការហានិភ័យនៃសុខភាពសាធារណៈ។ គោលការណ៍គ្រឹះទាំង៣យ៉ាងនោះរួមមាន៖
១. គោលការណ៍សុវត្ថិភាពនៃការរៀបចំទុកដាក់សព៖ អនុវត្តវិធានការបង្ការការឆ្លងរោគ តាមនិយាមស្តង់ដារដោយមានសម្ភារៈលាងសម្អាតដៃ ឬទឹកសម្លាប់មេរោគ និងពាក់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ។
២. គោលការណ៍គោរពសេចក្តីថ្លៃថ្នូររបស់សព៖ រៀបចំទុកដាក់សពឱ្យបានសមរម្យ តាមទំនៀមទម្លាប់ ប្រពៃណី និងសាសនាដោយផ្អែកតាមកម្រិតហានិភ័យ នៃការចម្លងជំងឺ និងវិធានការសុខាភិបាលជាធរមាន។
៣. គោលការណ៍បន្ថយហានិភ័យសុខភាពសាធារណៈ៖ សម្អាតបរិស្ថាន និងរក្សាអនាម័យល្អ ដើម្បីបង្ការការចម្លងរោគនៅគេហដ្ឋាន កន្លែងរក្សាសព ទីបូជាសព ឬបញ្ចុះសព ទីបូជាសព ឬបញ្ចុះសព និងទីតាំងជុំវិញ៕SP