ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ជនជាតិវៀតណាមសរុបចំនួន២​៨នាក់ត្រូវបានឃាត់ខ្លួន និងបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោយរកឃើញថាបានពាក់ព័ន្ធទៅនឹងការក្លែងបន្លំលិខិតឆ្លងដែន និងចូលមករកស៊ី​ខុសច្បា​ប់នៅកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១១សីហាបានឱ្យដឹងថា ក្រោយបទបញ្ជា និងអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឃាត់ខ្លួនបានជនជាតិវៀតណាមសរុបចំនួន២៨ នាក់ក្នុងនោះមានស្រ្តីចំនួន៦នាក់។

 

ក្រោយការស្រាវជាវបានរកឃើញថា​ ជនជាតិវៀតណាមទាំងនោះបានពាក់ព័ន្ធករណី​លួចស្នាក់នៅធ្វើ​​កា​រងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែងល្បែងស៊ី​សងនៅក្នុងប្រ​ទេសកម្ពុជា (ល្បែងអនឡាញ)។ជាមួយគ្នានោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនី​តិវិធី នៃអគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញជនជាតិវៀតណាមទាំងនោះពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ