ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជាដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះដែរ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកស្រី នាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។

លោកស្រី នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

 នៅចុងបញ្ចប់ នៃជំនួបថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។
ទស្សនកិច្ចរបស់ លោកស្រី នាយករដ្ឋមន្ត្រីថៃ កើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ