ភ្នំពេញ ៖ សត្វផ្សោតមួយក្បាលអាយុប្រមាណ ២០ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់នៅអន្លង់អភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតងាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់ ១៦០គីឡូក្រាមប្រវែង ២.៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ។ មន្ត្រីជំនាញដាក់ការសង្ស័យថា ផ្សោតឈ្មោះនេះងាប់ ដោយឧបករណ៍នេសាទមង ព្រោះមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង។


នេះជាសត្វផ្សោតទី១ ដែលបានងាប់ក្នុងឆ្នាំ២០២៣នេះ។ សត្វផ្សោតទន្លេមេគង្គ គឺជារតនសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី ៧ឆ្នាំហើយមានកូនក្នុងរយៈពេល ២ឆ្នាំម្ដង។

បច្ចុប្បន្នសត្វផ្សោតរងការគំរាមកំហែងដោយឧបករណ៍នេសាទមង សន្ទូចននង និងឧបករណ៍ឆក់។ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការនេសាទដោយប្រើឧបករណ៍មង ស្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ