ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងតាមរយៈសេចក្ដីជូនព័ត៌មានរបស់ខ្លួនថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអ្នកជំងឺកូវីដ-១៩ម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍៣វិច្ឆិកាវិញគឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្ដអ្នកប៉ះពាល់ចំនួន៥៦នាក់បន្ថែមទៀត ដោយលទ្ធផលបង្ហាញថាអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់។ គិតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ពេលនេះចំនួនតេស្ដសរុបដែលបានធ្វើការវិភាគមានចំនួន២៥៥៣វត្ថុសំណាក។ ក្នុងចំនួននេះមានអ្នកដែលបានធ្វើតេស្ដលើកទី១ចំនួន១៧៣៤នាក់ និងលើកទី២បានធ្វើតេស្តចំនួន៨១៩នាក់។
លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ចំនួន៤នាក់ដែលក្រសួងសុខាភិបាលបានរាយការណ៍ជូនសាធារណជនរួចហើយ ដែលអ្នកទាំង៤នាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩មានចំនួន១៧៣០នាក់ ស្មើនឹង៩៩,៧៧ភាគរយនៃចំនួនអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកាសរុបទាំងអស់។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន៣០១នាក់។ ក្នុងនោះអ្នកជំងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយមានចំនួន២៨៩នាក់។ ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន១២នាក់៕ SP