អន្តរក្រសួងរួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម អគ្គនាយកដ្ឋានជំនាញ មន្ទីរបរិស្ថានខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» ក្នុងភូមិសាស្រ្ត ស្រុកបាភ្នំ ខេត្តព្រៃវែង។
កិច្ចប្រជុំនេះ មានគោលបំណង ចែករំលែកអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី ក្នុងការដាក់ជាតំបន់ការពារធម្មជាតិដំបូងរបស់ខេត្តព្រៃវែង និងធ្វើការពិគ្រោះយោបល់ចុងក្រោយ អំពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍ទួលព័ន្ធតាឡី»។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រចំពោះការបង្កើតតំបន់ការពារធម្មជាតិនេះ ដែលមានវិសាលភាពផ្ទៃដីចំនួន ៣៩២៤ ហិកតា។
សូមជម្រាបថា តំបន់ដីសើមបឹងស្នេហ៍ ជាជម្រកប្រភេទសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វស្លាបមួយចំនួនជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោកដូចជា ស្មោញ ទុងប្រផេះ រនា លណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច ពិសេសចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់កល្បាល នៅចំណុចទួលព័ន្ធតាឡី ៕sp