បរទេស៖ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៧-១ របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានបង្កើតឲ្យមានការចាប់អារម្មណ៍ជាងគេក្នុងការប្រកួតមិត្តភាព កាលពីថ្ងៃពុធ ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានបញ្ចប់ក្នុងលទ្ធផលស្មើទាំងព្រលឹងចុងសក់ ហើយក្រុមជម្រើសជាតិតួកគី បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនតាមរយៈរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតពេលប៉ះជើងខ្លាំងអាល្លឺម៉ង់។

នៅកីឡដ្ឋាន Stade de France ខ្សែប្រយុទ្ធវ័យក្មេង Eduardo Camavinga និងតារាឆ្នើមជើងចាស់ Olivier Giroud បានបង្កើតការភ្ញាក់ផ្អើលដើម្បីផ្តល់ជ័យជម្នះយ៉ាងកក់ក្តៅដល់ក្រុមម្ចាស់ជើងឯកពិភពលោករបស់លោក Didier Deschamps ពេលប៉ះក្រុមកំពុងមានបញ្ហាដោយសារតែកូវីដ-១៩ អ៊ុយក្រែន។ 

ជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ ព័រទុយហ្គាល់ នឹងវិលទៅកាន់កីឡដ្ឋាន Stade de France ដើម្បីប្រកួតក្នុងយុទ្ធនាការ Nations League នៅថ្ងៃអាទិត្យ និងបានប្រើប្រាស់ការប្រកួតមិត្តភាពជាមួយនឹងក្រុមអេស្ប៉ាញ ដើម្បីកម្តៅសាច់ដុំ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Renato Sanchez សុទ្ធសឹងបានស៊ុតបាល់ប៉ះរបារទីដូចគ្នា សម្រាប់ក្រុមព័រទុយហ្គាល់ ដែលគួរតែដណ្តើមបានជ័យជម្នះនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ កីឡាករ Joao Felix បានស៊ុតបាល់មិនចូលទី។

លោក Joachim Loew គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ បានរិះគន់ទៅលើការអសមត្ថភាពរបស់ក្រុមខ្លួនក្នុងការរក្សាការនាំមុខ ក្រោយពីពួកគេបានរបូតគ្រាប់បាល់នៅចុងម៉ោង ដើម្បីទទួលបានត្រឹមលទ្ធផលស្មើ ៣-៣ ពេលជួបក្រុមជម្រើសជាតិតួកគី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ