ច្បាស់ហើយ!! Luis Suarez ក្លាយជាកីឡាករទី៤ បន្ទាប់ពី Barcelona បានលក់ទៅអោយគូរប្រជែង Atletico Madrid
(បាសេឡូណា)៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ កីឡាករ Luis Suarez បានក្លាយជាកីឡាករសំខាន់ទី៤ ដែលត្រូវបានក្លិប FC Barcelona លក់ចេញនារដូវក្តៅនេះទៅឲ្យ Atletico Madrid បន្ទាប់ពី Arthur ទៅក្លិបសេះបង្កង់ Juventus , Ivan Rakitic ទៅក្លិបចាស់ Sevilla និង Arturo Vidal ទៅក្លិប Inter ។
នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បើយោងតាមប្រភព DailyMail នេះបានឲ្យដឹងថា Atletico នឹងត្រូវបង់ថ្លៃឈ្នួលមិនលើសពី ៤លានអឺរ៉ូសម្រាប់កីឡាករវ័យ ៣៣ឆ្នាំ នេះឡើយក្នុងតម្លៃផ្ទេរចេញពីក្លិបអ្នកមានបុណ្យ។
ទន្ទឹមនេះ Suarez នឹងរកចំណូលបានពាក់កណ្តាលនៃប្រាក់ ៣០លានអឺរ៉ូក្នុង ១ឆ្នាំដែលគាត់ធ្លាប់នៅ Barca ក្នុងក្លិបថ្មី Atletico ដែលជាគូប្រជែងនៅ LaLiga។
យ៉ាងណាមិញ ការផ្លាស់ប្តូរនេះបានបញ្ចប់រយៈពេល ៦ឆ្នាំរបស់ Suarez ជាមួយ Barca ក្នុងកំឡុងពេលដែលរូបគេរកបាន ១៩៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៣លើក ដែលជាអតីតកីឡាករសំខាន់ជួរមុខជាមួយ Lionel Messi និង Neymar។
គួរបញ្ជាក់ផងដែរថា Suarez បានចូលរួមជាមួយ Barca ក្នុងតម្លៃខ្លួន ៧៤លានផោនពីក្លិប Liverpool ក្នុងឆ្នាំ២០១៤ និងឈ្នះពាន LaLiga ៤ដង Copa del Reys និង Champions League និង Club World Cup កាលពីឆ្នាំ២០១៥៕