ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់នៅរស់ ក្រោយត្រូវបានក្រុមជួយសង្គ្រោះទាញចេញពីគំនរបាក់បែកនៃគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូនេស៊ីបានទាញក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ចេញពីគំនរបាក់បែកនៃផ្ទះដែលដួលរលំរបស់គាត់នៅទីក្រុង Cianjur បន្ទាប់ពីគាត់បានរួចរស់ជីវិតពីការរញ្ជួយដីដោយសារតែគាត់ត្រូវបានការពារដោយពូក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeerraនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្មេងប្រុសនេះមានឈ្មោះថា Azka Maulana Malik បានជាប់គាំងអស់រយៈពេលពីរថ្ងៃ ហើយត្រូវបានគេរកឃើញនៅរស់ក្បែរសាកសពជីដូនរបស់គាត់ដែលបានស្លាប់។
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 5.6 រ៉ិចទ័រ នៅភាគខាងលិចនៃកោះ Java ដែលមានប្រជាជនរស់នៅច្រើន ពេលនេះមានចំនួន២៧១នាក់ ប៉ុន្តែអាជ្ញាធររំពឹងថាចំនួននេះនឹងកើនឡើង ដោយសារតែតំបន់ដាច់ស្រយាលមួយចំនួនមិនទាន់ទៅដល់ ហើយភ្លៀងធ្លាក់ខ្លាំងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក្នុងនោះ មនុស្សប្រហែល៤០ នាក់នៅតែបាត់ខ្លួន និងជាង ២,000 នាក់បានរងរបួស។
សូមបញ្ជាក់ថា វាគឺជាការរញ្ជួយដីដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលការរញ្ជួយដីកម្រិត ៧.៥ រិចទ័របានវាយប្រហារនៅតំបន់ទឹករាក់ពីទីក្រុង Palu ក្នុង Sulawesi ដែលបង្កឲ្យមានរលកយក្សស៊ូណាមិ ការបាក់ដី និងការបាក់ដីដែលបានបំផ្លិចបំផ្លាញទីក្រុង និងបានសម្លាប់មនុស្សជាង ៤,000 នាក់៕