ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតភាគខាងត្បូងនៃប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃអង្គារកន្លងទៅនេះ បានកើនដល់ ០៧នាក់ហើយ ខណៈផ្ទះសំបែងចំនួនប្រមាណ ២,០០០ខ្នងបានរងការខូចខាតទាំងស្រុង។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ដកស្រង់ដោយទីភ្នាក់ងារព័ ត៌មានស៊ីនហួរ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតខាងលើមានស្ត្រី ០២នាក់ និងបុរស ០៥នាក់។ ចំណែកឯមនុស្ស ១១នាក់ផ្សេងទៀតបានរងរបួស។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងវេលាម៉ោង ១០៖២៩នាទីព្រឹក  កាលថ្ងៃអង្គារកន្លងទៅនេះ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី គឺស្ថិតនៅចម្ងាយតែ ២៣គីឡូម៉ែតប៉ុណ្ណោះពីទីប្រជុំជន ឡាគ្រូសេស៊ីតា (La Crucecita) ដែលជាទីក្រុងមាត់សមុទ្រមួយ ស្ថិតនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកភាគខាងត្បូង នៃរដ្ឋអូកសាកា (Oaxaca) នៃប្រទេសមិចស៊ីកូ។

រូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញថា ផ្ទាំងថ្មបានបិទផ្លូវតាមតំបន់ភ្នំមួយ ស្ថិតនៅរវាងរដ្ឋ Oaxaca និងតំបន់ឆ្នេរសមុទ្រ។ អាគារជាច្រើននៅក្នុងតំបន់ជុំវិញចំណុចញ័ររញ្ជួយ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ 

ដោយឡែកអគារនានាក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីតធី ដែលស្ថិតចម្ងាយរាប់រយគីឡូម៉ែតពីចំណុចរំញ័រ ក៏បានរងចំហាយគ្រោះរញ្ជួយដីមួយនេះផងដែរ ដែលបានបង្ខំឲ្យមនុស្សម្នារត់ចុះពីលើអគារ ទៅឈរតាមដងផ្លូវយ៉ាងតក់ស្លុត។

អភិបាលរដ្ឋ Oaxaca លោក អេឡិចចាន់ដ្រូ មួរ៉ាត់ (Alejandro Murat) បាននិយាយថា ទីប្រជុំជនចំនួន ៨៥កន្លែង នៅទូទាំងរដ្ឋ បានរាយការណ៍អំពីការខូចខាត ទៅតាមកម្រិតរៀងៗខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា អាកាសយានដ្ឋាន និងមន្ទីពេទ្យដែលទទួលការព្យាបាលអ្នកជំងឺ COVID-19 នៅដំណើរការធម្មតានោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ