ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសឱ្យដឹងថាម្រេចរបស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្រោយបំពេញគ្រប់នីតិវិធី។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា រដ្ឋបាលគយ នៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា «ម្រេចកម្ពុជា បានបំពេញគ្រប់នីតិវិធី ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន»។
ស្ថានទូត បន្ដថា ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។
ស្ថានទូតចិន បន្ថែមថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕EB